ព័ត៌មានបទល្មើស

ឈ្មួញសម្រុកដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ ទាំងថ្ងៃទាំងយប់

ព្រៃវេង: ប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះមានឈ្មួញសម្រុកដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន ទាំងថ្ងៃទាំងយប់ដោយគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់ឡើយ។ មន្រ្តីជំនាញសមត្ថកិច្ចតាមដងផ្លូវ និងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលឈ្មួញ ប្រើប្រាស់រថយន្តសាំយ៉ុងកែច្នៃ និងរថយន្តកែច្នៃច្រើនប្រភេទទៀតដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន ក្នុងមួយយប់ៗ រាប់សិបគ្រឿង។ ជាពិសេសលោក អ៊ុំ ប៉ូលក្ខណ៍ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិម៉ឺនជ័យ និងលោក វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិម៉ឺនជ័យ មិនចាត់វិធានការទប់ស្កាត់ករណីឈ្មួញដឹកជញ្ជូនធ្យូង ចេញទៅស្រុកយួន យ៉ាងពេញបន្ទុកនោះទេក្រុមឈ្មួញដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន បានឲ្យដឹងថា ពួកគេមានអ្នករត់ការបើកផ្លូវជាមុន ទើបអាចដឹកជញ្ជូនចេញទៅស្រុកយួន តាមច្រកទ្វារអន្តរជាតិ ដោយរលូនមិនប្រឈមនឹងការបង្ក្រាបហើយនៅសល់កម្រៃតិចតួចប៉ុណ្ណោះ។ សកម្មភាពដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ តែងកើតឡើងចាប់ពីវេលាម៉ោង3រំលងអាធ្រាត្រដល់ម៉ោង7ព្រឹក ហើយទាល់តែមានការឃុបឃិតជាប្រព័ន្ធទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ បើគ្មានការបើកដៃពីមន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចតាមដងផ្លូវ ក៏ដូចជាសមត្ថកិច្ចនៅច្រកព្រំដែនទេនោះ គ្មានឈ្មួញណាអាចចៀសផុតពីការបង្ក្រាបឡើយមន្រ្តីនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក អ៊ុំ ប៉ូលក្ខណ៍ ប្រធានស្នាក់ការច្រកម៉ឺនជ័យ និងលោក​ វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកម៉ឺនជ័យ ព្រមទាំងប្រធានការិយាល័យគយច្រកម៉ឺនជ័យ គឺសកម្មភាពដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន មិនអាចកើតឡើងបានឡើយ។ ហេតុនេះលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយតទៅទៀតនោះទេ ហើយគួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ ដោយហេតុថាមន្រ្តីជំនាញ និងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ គិតតែរឿងឃុបឃិតគ្នាប្រមូលលុយ ហើយបើកដៃឲ្យក្រុមឈ្មួញដឹកជញ្ជូនធ្យូងទៅស្រុកយួន យ៉ាងគំហុក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Back to top button