ព័ត៌មានជាតិ
ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង

នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នេះ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំធំសាលាខេត្ត។
កិច្ចប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗរួមមាន៖ ១).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់អនុវត្តនៃខែបន្ទាប់របស់រដ្ឋបាលខេត្ត។ ៣).ការពិនិត្យ និងអនុម័តលេីសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត។ ៤).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាពគណៈកម្មការរៀបចំគម្រោងថ្នាក់ខេត្ត។ ៥). ការពិនិត្យ និងអនុម័តសេចក្ដីព្រាងផែនការសម្មភាព និងផែនការថវិកាឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី និងកុមារខេត្ត។ ៦).បញ្ហាផ្សេងៗ និង ៧).មតិបូកសរុប និងបិទកិច្ចប្រជុំ៕







