ថ្នាក់ដឹកនាំខេត្ត អញ្ជើញបើវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅ មណ្ឌលសាលា គរុកោសល្យ និងវិក្រឹតការខេត្ត ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ដើម្បីឱ្យការប្រឡងសញ្ញាប័ត្រមធ្យមសិក្សិក្សា ទុតិយភូមិប្រព្រឹត្តិទៅ មានសណ្តាប់ធ្នាប់រៀបរយល្អ ធានានូវភាពយុត្តិធម៌ ប្រកបដោយគុណភាព និងតម្លាភាព នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត និងឯកឧត្ដម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្ទីរអប់រំយុវជននិងកីឡាខេត្ត អជ្ញាធរក្រុងតាខ្មៅ បានអញ្ជើញចុះពិនិត្យការប្រលង និងចូលរួមបើកវិញ្ញាសារប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ នៅមណ្ឌលសាលា គរុកោសល្យ និងវិក្រឹតការខេត្តកណ្តាល ក្រុងតាខ្មៅ។
ក្នុងឱកាសនោះ ឯកឧត្តម ប៊ុន ផេង និងឯកឧត្ដម យក់ ង៉ុយ បានលើកទឹកចិត្ត និងផ្តាំផ្ញើរដល់ក្មួយៗ ជាសិស្សានុសិស្សទាំងអស់ សូមកុំមានការភិតភ័យ ត្រូវមានសេចក្តីព្យាយាមប្រឹងប្រែងអស់ពីសមត្ថភាព ចំណេះដឹង ត្រូវធ្វើឱ្យបានរួចរាល់លើគ្រប់វិវិញ្ញាសា និងត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។
ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ឱ្យទទួលទានបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាក្នុងសម័យប្រឡងឆ្នាំនេះ ហើយរដ្ឋបាលខេត្តនៅតែបន្ត និងត្រៀមរង្វាន់សម្រាប់ផ្ដល់ជូនសិស្សានុសិស្សដែលទទួលបាននិទ្ទេសល្អប្រសើរផងដែរ។
សូមជំរាបថា យោងតាមរបាយការណ៍របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ខេត្តបានរៀបចំមណ្ឌលប្រឡងចំនួន ១៩មណ្ឌល ស្មើនឹង ៤១៩បន្ទប់ ដោយក្នុងនោះ ៖ ក្រុងតាខ្មៅមាន ចំនួន ១៣មណ្ឌល ស្រុកស្អាង ចំនួន ៤មណ្ឌល និងស្រុកកណ្តាលស្ទឹង ចំនួន ២មណ្ឌល ។
មានបេក្ខជនដាក់ពាក្យប្រឡងសរុប ១០,៤០១នាក់ (ស្រី ៥,៧៤៦នាក់) ចែកជា ៖ ថ្នាក់វិទ្យាសាស្ត្រមាន ០៧មណ្ឌល បេក្ខជនសរុប ៣៤៤៥នាក់ ស្រី ២០៩២នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១២ មណ្ឌល បេក្ខជនសរុប ៦៩៥៦នាក់ ស្រី ៣៦៥៤នាក់ ។
គួររំលឹកដែរថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង កាលពីឆ្នាំ២០២១ ទូទាំងខេត្តកណ្តាលមានសិស្សប្រុសប្រឡងជាប់ចំនួន ៦៨,២២% ស្មើនឹង ៥,៩២៤នាក់ និងសិស្សស្រីប្រឡងជាប់ចំនួន ៧៣,៩៣% ស្មើនឹង ៣,៦០៥នាក់។ ដោយទទួលបាននិទ្ទេសដូចខាងក្រោម ៖
-និទ្ទេស A សរុប ១២៧នាក់ ស្រី ៨៥នាក់
-និទ្ទេស B សរុប ៤៦៣នាក់ ស្រី ២៧៥នាក់
-និទ្ទេស C សរុប ៩៥១នាក់ ស្រី ៦២៧នាក់
-និទ្ទេស D សរុប ១៩៦៤នាក់ ស្រី ១២២១នាក់
-និទ្ទេស E សរុប ២៤១៩នាក់ ស្រី ១៣៩៧នាក់៕