ព័ត៌មានជាតិ

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់សង្កាត់ ខណ្ឌ នៃរដ្ឋបាលខណ្ឌដូនពេញ

នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១០,០០នាទីព្រឹក បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់សង្កាត់ ខណ្ឌ នៃរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។

សិក្ខាសាលានេះក៏មានការចូលរួមពី លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ, លោក គឹម ច័ន្ទឌីណា ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ, ក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ, គណៈនាយក, លោក-លោកស្រី តំណាងឲ្យមន្ទីរជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ, លោក-លោកស្រី តំណាងដៃគូរអភិវឌ្ឍន៍នានា, លោក-លោកស្រី ជាសប្បុរសជន និងវិស័យឯកជន, លោក-លោកស្រី ប្រធានអនុប្រធានការិយាល័យទាំង១១, លោក អធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, យោធភូមិភាគពិសេសខណ្ឌ, លោក-លោកស្រីចៅសង្កាត់ទាំង១១ និងលោក-លោកស្រីតំណាងអង្គការសង្គមស៊ីវិល។

ក្នុងសិក្ខាសាលាសមាហរណកម្ម ក្នុងឆ្នាំ២០២១ កន្លងមកឃើញថា គម្រោងដែលទទួលបានការគាំទ្រសរុបចំនួន ១២៤ គម្រោង អនុវត្តសម្រេចបាន ១១៩គម្រោង ស្មើ៩៥% ក្នុងនោះ៖ផ្នែកសេដ្ឋកិច្ចចំនួន ២០/២០គម្រោង, ផ្នែកសង្គមកិច្ចចំនួន ៧៤/៧៦គម្រោង, ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន ១០/១៣ និងគម្រោងផ្នែករដ្ឋបាល និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំនួន ១៥/១៥គម្រោង ចំពោះគម្រោងដែលត្រូវដាក់ស្នើសុំការគាំទ្រនៅក្នុងសិក្ខាសាលាសមាហរណកម្ម ក្នុងឆ្នាំ២០២២ នាពេលនេះរួមមាន គម្រោងសកម្មភាពអាទិភាពរបស់ខណ្ឌ មានចំនួន ១២២គម្រោង ក្នុងនោះមាន÷ ផ្នែកសេដ្ឋកិច្ច ចំនួន២៣គម្រោង, ផ្នែកសង្គមកិច្ច ចំនួន៦៧គម្រោង, ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន១៤គម្រោង និងផ្នែករដ្ឋបាល និង សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំនួន ១៨គម្រោង ។

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលនាពេកនេះ គឺដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌ និងគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៣ របស់រដ្ឋបាលសង្កាត់ទាំង១១ ដោយស្នើសុំការគាំទ្រគម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់ខណ្ឌ និងសង្កាត់ ។

 

ជាចុងបញ្ចប់ ឯកឧត្តម អភិបាលរង បានមានមតិផ្តាំផ្ញើរ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្ររបស់អង្គភាព/ ស្ថាប័នពាក់ព័ន្ធ និងអ្នកចូលរួមទាំងអស់ដែលបានជួយគាំទ្រដល់គម្រោងអភិវឌ្ឍន៍ ខណ្ឌ/សង្កាត់ ក្នុងពេលកន្លងមក ហើយសូមសំណូមពរអោយបន្តការគាំទ្រតទៅទៀត ដើម្បីចូលរួមអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែមានការរីកចំរើន ជាបន្តបន្ទាប់ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Back to top button