ព័ត៌មានជាតិ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានពិនិត្យ ជំរុញដល់សមាជិក និងអ្នកពាក់ព័ន្ធ ឱ្យពិនិត្យនិងបញ្ចប់ការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០២២

 

ខេត្តសៀមរាប៖ ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ ខ ប ជ) បានរៀបចំកិច្ចជុំប្រចាំខែវិច្ឆិកា ក្រោមអធិបតីភាព លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន គ ខ ប ជ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការ គ ខ ប ជ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូអន្តរជាតិផងដែរ។ កិច្ចប្រជុំបានពិនិត្យនិងពិភាក្សាតាមរបៀបវរ:រួមមាន៖

 

១. ពិនិត្យលើសេចក្តីរបាយការណ៍លទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំខែវិច្ឆិកា ឆ្នាំ២០២២

 

២. ពិនិត្យនិងពិភាក្សាលើបញ្ហាប្រឈម ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយបានផ្តោតសំខាន់ទៅលើបញ្ហា ករណីរៀបការផ្ទុយពីឆន្ទៈទៅប្រទេសចិន ករណីស្នើសុំបើកទីស្នាក់ការរបស់ក្រុមហ៊ុនជ្រើសរើសឯកជននាំចេញពលករទៅធ្វើការនៅក្រៅប្រទេស ករណីវិវាទការងារពាក់ព័ន្ធនឹងការបើកប្រាក់ឈ្នួលដល់កម្មករនិយោជិត ករណីការបំបោះបង់កូន ពិនិត្យលើការរៀបចំគ្រូនិងសាលាមត្តេយ្យសិក្សាសហគមន៍ សម្រាប់កុមារដែលស្នាក់នៅជាមួយអាណាព្យាបាលនៅតាមសិប្បកម្មផលិតឥដ្ឋ និងករណីអំពើហិង្សាទាក់ទងនឹងយេន័រ។

 

៣.ពិនិត្យពិភាក្សាលើការរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២២ ដែលគ្រោងរៀបចំនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងខេត្តសៀមរាប។

 

៤. ពិនិត្យលើសេចក្តីព្រាងកែសម្រួលសេចក្តីសម្រេចលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

 

៥.ត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២២ របស់គណៈកម្មាធិការខេត្ត គ.ខ.ប.ជ។

 

 

 

 

បន្ទាប់ពីបានពិភាក្សាលើបញ្ហាប្រឈមមួយចំនួនខាងលើរួចមក លោកស្រីប្រធានអង្គប្រជុំ បានស្នើនិងជំរុញដល់សមាជិក និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យពិនិត្យនិងអនុវត្តបញ្ចប់ផែនការសកម្មភាពប្រចាំឆ្នាំ២០២២ ទៅតាមវិស័យនីមួយៗ និងត្រៀមសម្រាប់ផ្តល់ជាធាតុចូលជូនអង្គភាពរៀងៗខ្លួន និងលេខាធិការដ្ឋាន គ.ខ.ប.ជ ដើម្បីពិនិត្យក្នុងការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២៣ ឱ្យឆ្លើយតបទៅនឹងតាមវិស័យ និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការការពារ ទប់ស្កាត់ ឱ្យរួចផុតពីអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងការរំលោភបំពានផ្សេងៗ។

 

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Back to top button